Ein Mann schaut aus einem Fenster und lacht dabei. © Goethe-Institut

លិខិតឆ្លងដែន និងទិដ្ឋាការ 

ដើម្បីធ្វើដំណើរចូលប្រទេសអាល្លឺម៉ង់បាន អ្នកត្រូវការលិខិតឆ្លងដែនមានសុពលភាពមួយ ឬក៏ឯកសារណាមួយទៀត ដែលបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នក។ អ្នកក៏ត្រូវការលិខិតឆ្លងដែនដែរនៅថ្ងៃមុខទៀតគឺ នៅពេលដែលអ្នកទៅទាក់ទងកិច្ចការនៅមន្ទីរណាមួយ។ អ្នកដែលពុំមែនជាពលរដ្ឋនៅសហភាពអឺរ៉ុប(EU)​ ត្រូវមានទិដ្ឋាការ។ 

អ្នកត្រូវទៅសុំទិដ្ឋាការនៅស្ថានទូតអាល្លឺម៉ង់ (ស្ថានកុងស៊ុល) នៅប្រទេសអ្នក។ តើអ្នកមានកិច្ចសន្យាការងារមួយនៅប្រទេសអាល្លឺម៉ង់ហើយ ឬមួយក៏គ្រួសារអ្នកមួយចំណែកបានមករស់នៅទីនេះហើយ? នៅក្នុងករណីនេះអ្នកអាចសុំទិដ្ឋាការបានដោយងាយជាងធម្មតា។ ពត៌មានស្តីពីរឿងនេះមានផ្សាយជូននៅក្រសួងការ បរទេស។ 

ពលរដ្ឋនៃប្រទេសសហភាពអឺរ៉ុប(EU) ឬក៏ប្រទេសណាមួយនៅក្នុងតំបន់សេដ្ឋកិច្ចអឺរ៉ុប (Europäischer Wirtschaftsraum) ពុំត្រូវការទិដ្ឋាការទេ។

Auf einer Hauswand sieht man ein Schild, das zum Bundesamt für Migration und Flüchtlinge führt. © Goethe-Institut

មន្ទីរចុះឈ្មោះពលរដ្ឋ និងសិទ្ធិស្នាក់នៅ

ពេលទៅដល់ប្រទេសអាល្លឺម៉ង់ ជាដំបូងគឺអ្នកត្រូវទៅចុះឈ្មោះនៅមន្ទីរចុះឈ្មោះពលរដ្ឋ (Einwohnermeldeamt) នៅក្រុង ដែលអ្នករស់នៅ។ បន្ទាប់មកអ្នកត្រូវទៅមន្ទីរជនបរទេស (Ausländeramt) ។ នៅទីនោះគេផ្តល់សិទ្ធិស្នាក់នៅ (Aufenthaltstitel)អោយអ្នក។ វាជាប័ណ្ណមួយ ដែលបញ្ជាក់ពីឋានៈសិទ្ធិស្នាក់នៅ (Aufenthaltsstatus) របស់អ្នក។ ប័ណ្ណនេះកំណត់ថា តើអ្នកអាចស្នាក់នៅប្រទេសអាល្លឺម៉ង់បានរយៈពេលប៉ុន្មាន និងថាតើអ្នកអាចធ្វើការងារបានឬទេ។ 

អ្នកត្រូវទៅជួបគេនៅមន្ទីរណាមួយ ក៏ប៉ុន្តែអ្នកនិយាយភាសាអាល្លឺម៉ង់នៅពុំទាន់បានល្អនៅឡើយឬ? នៅក្នុងករណីនេះអ្នកអាចសួររកអ្នកបកប្រែភាសាបាន។ អ្នកបកប្រែ គេចេះភាសាអាល្លឺម៉ង់ និងភាសារបស់អ្នក ហើយគេអាចជួយអ្នកនៅក្នុងការពិភាក្សានោះបាន។

វគ្គសិក្សាសមាហរ័ណកម្ម

អ្នកចេះភាសាអាល្លឺម៉ង់ពុំទាន់បានល្អទេឬ? នៅក្នុងករណីនេះ អ្នកអាចទៅចូលរៀនក្នុងវគ្គសិក្សាសមាហ រ័ណកម្ម (Integrationskurs)បាន។ ជួនកាលវាមានការកំណត់អោយអ្នកត្រូវតែទៅចូលរៀនក្នុងវគ្គសិក្សា សមាហរ័ណកម្ម។ នៅក្នុងវគ្គសិក្សានេះអ្នកនឹងរៀនភាសាអាល្លឺម៉ង់បានប្រសើរជាងមុន។ ហើយអ្នកក៏ទទួល ពត៌មានសំខាន់ៗដែរអំពីការរស់នៅប្រទេសអាល្លឺម៉ង់។ មន្ទីរជនបរទេស (Ausländeramt)ចេញលិខិតអនុញ្ញាតអោយចូលរៀនវគ្គសិក្សានេះ ហើយគេប្រាប់អ្នកអំពីទីកន្លែងរៀនវគ្គសិក្សាសមាហរ័ណកម្មនោះ។  ពត៌មានបន្ថែមអំពីរឿងនេះមាននៅក្នុងអត្ថបទ វគ្គសិក្សាសមាហរ័ណកម្ម ។

Ein Kursteilnehmer lacht in die Kamera. Er befindet sich im Klassenzimmer. © Goethe-Institut

ការរកការងារធ្វើ និងការបណ្តុះបណ្តាល

ជំហានជាបន្ទាប់ទៅទៀតគឺការរកការងារធ្វើ។ តើអ្នកបានរៀនមុខរបរមួយហើយ ឬក៏បានសិក្សានៅមហាវិទ្យាល័យនៅប្រទេសអ្នក? នៅក្នុងករណីនេះអ្នកត្រូវយកឯកសារទាំងនោះទៅបកប្រែ និងទៅអោយគេធ្វើការទទួលស្គាល់។ សូមអ្នកទៅសួរនៅទីភ្នាក់ងារការងារ(Arbeitsagentur) ថា តើអ្នកអាចអោយគេជួយដោះស្រាយកិច្ចការទាំងនេះនៅទីណាបាន។ ទីភ្នាក់ងារការងារ ក៏ជួយអ្នកនៅក្នុងការរកការងារធ្វើ ដែរ។ បើអ្នកពុំបានរៀនមុខរបរអ្វី ឬក៏ពុំមានសញ្ញាបត្រសាលាទេ អ្នកក៏ត្រូវទៅទីភ្នាក់ងារការងារដែរ។ នៅទីនោះគេផ្តល់ការពិគ្រោះរឿងមុខរបរអោយអ្នក។ គេជួយអ្នក បើអ្នកមិនច្បាស់ខ្លួនឯងថា អ្នកចង់ធ្វើការអ្វី ឬក៏អាចធ្វើការអ្វី បាន។ ទីភ្នាក់ងារការងារក៏ផ្តល់ពត៌មានដែរអំពីការបណ្តុះបណ្តាល និងវគ្គសិក្សានានា។ ពត៌មានបន្ថែមអំពីរឿងនេះមាននៅក្នុងអត្ថបទ ការសិក្សា និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

កូន និងសាលា

កុមារចាប់ពីអាយុប្រមាណជា ៦ ឆ្នាំ ទៅត្រូវចូលរៀននៅសាលា។ អ្នកត្រូវទៅចុះឈ្មោះកូនអោយចូលរៀននៅសាលាណាមួយ។ មន្ទីរយុវជន (Jugendamt)នៅក្រុងអ្នកអាចជួយអ្នកក្នុងរឿងនេះបាន។ ពត៌មានបន្ថែមអំពីរឿងនេះមាននៅក្នុងអត្ថបទ ការជួយឧបត្ថម្ភពីតូចទៅនិងប្រព័ន្ធសិក្សាធិការ។

ការធានារ៉ាប់រង

ការធានារ៉ាប់រងមួយចំនួនមានសារៈសំខាន់ណាស់ដូចជា ការធានារ៉ាប់រងជម្ងឺ ការធានារ៉ាប់រងប្រាក់និវត្តន៍ និងការធានារ៉ាប់រងការថែទាំ (សូមអាន ការធានារ៉ាប់រង)។ បើអ្នកមានកន្លែងធ្វើការងារគឺអ្នកមានការធានារ៉ាប់រងទាំងនេះជាស្វ័យប្រវត្តិ​ (សូមអាន ការចាប់ធ្វើការងារ)។ ហើយអ្នកក៏ត្រូវមានគណនេយ្យផ្ទេរប្រាក់នៅធនាគារមួយដែរ (សូមអានអត្ថបទ គណនេយ្យធនាគារ និងរឿងហិរញ្ញវត្ថុ)។

អាស័យដ្ឋានសំខាន់ៗ

អ្នករកអ្នកទទួលបន្ទុកវគ្គសិក្សារឿងវគ្គសិក្សាសមាហរ័ណកម្ម ឬក៏រកមន្ទីរជនបរទេសឬ? នៅត្រង់កន្លែងដាក់ថា អាស័យដ្ឋានសំខាន់ៗ អ្នកនឹងឃើញមានពត៌មានអំពីអាស័យដ្ឋាន ដែលអ្នករក នៅជិតទីកន្លែងអ្នករស់នៅ។ ពត៌មាន ឧទាហរណ៏ដូចជាអំពី អាស័យដ្ឋាន ឬក៏លេខទូរស័ព្ទទាំងឡាយគឺមានចុះនៅលើផែនទីមួយ។

Video International Sign

សំណួរគេចោទសួរជាញឹកញាប់

Further questions? Write us via the contact form. We will forward your questions anonymously to the advisors of the youth migration services.

Contact form