តើការពិគ្រោះមានដំណើរការដូចម្តេច?
តើអ្នកមានចម្ងល់ ឬក៏មានបញ្ហាអ្វីមួយឬ? តើអ្នកត្រូវការចម្លើយ ឬក៏ពត៌មានសំខាន់ៗនៅក្នុងរឿងនេះឬ? នៅក្នុងក្របខ័ណ្ឌនៃការពិគ្រោះមួយអ្នកអាចរកឃើញមនុស្ស ដែលអាចជួយអ្នកបាន។ អ្នកប្រឹក្សាស្គាល់ចម្លើយសម្រាប់សំណួររបស់អ្នក ឬក៏គេដឹងថា តើអ្នកអាចទៅរកជំនួយឯណាបាន។
អ្នកមិនចង់ទៅកន្លែងពិគ្រោះតែម្នាក់ឯងទេឬ? ក្នុងករណីនេះអ្នកអាចនាំប្តី ឬប្រពន្ធអ្នក មិត្តភក្តិអ្នកណាម្នាក់ ឬក៏ជនណាម្នាក់ទៀតទៅជាមួយបាន។ កន្លែងពិគ្រោះជាច្រើនផ្តល់លទ្ធភាពអោយអ្នកទូរស័ព្ទទៅគេបាន។ អ្នកប្រឹក្សាឆ្លើយសំណួរអ្នកតាមទូរស័ព្ទ។ ការពិគ្រោះអនឡាញក៏មានដែរគឺ អ្នកអាចផ្ញើសំណួររបស់អ្នកតាម អ៊ីម៉ែល ឬក៏តាម Chat បាន។
ការពិគ្រោះប្រព្រឹត្តទៅតាមលក្ខណៈអនាមិកគឺ អ្នកប្រឹក្សានិយាយតែជាមួយនឹងអ្នកអំពីសំណួរ និងបញ្ហារបស់អ្នកតែប៉ុណ្ណោះ។ គេពុំមានការអនុញ្ញាតអោយនិយាយប្រាប់អ្នកដ៏ទៃអំពីសំណួរ ឬក៏បញ្ហារបស់អ្នកបាន ឡើយ។ ការពិគ្រោះក៏មានលក្ខណៈអព្យាក្រឹតដែរ។ អ្នកប្រឹក្សាចង់ជួយអ្នក។ អ្នកអាចទុកចិត្តលើអ្នកប្រឹក្សាបានគឺមិនបាច់មានការភ័យបារម្ភអ្វីឡើយ។ មានការពិគ្រោះភាគច្រើនគេធ្វើដោយឥតគិតថ្លៃគឺ អ្នកពុំចាំបាច់បង់ប្រាក់សម្រាប់ចូលរួមក្នុងការពិគ្រោះនេះទេ។ ជួនកាលអ្នកបានទទួលជំនួយភ្លាមនៅក្នុងការពិគ្រោះណាមួយ ជួនកាលអ្នកត្រូវណាត់ពេលកំណត់ជួបសិន។
តើមានការពិគ្រោះពិសេសណាត្រូវនឹងរឿងខ្ញុំឬទេ?
ការពិគ្រោះពិសេសសម្រាប់ជនអន្តោប្រវេសន៍មានដូចតទៅនេះ : កន្លែងពិគ្រោះផ្នែកអន្តោប្រវេសន៍សម្រាប់ជនអន្តោប្រវេសន៍ពេញវ័យ (Migrationsberatung für erwachsene Zuwanderer - MBE) និងស្ថាប័នការងារអន្តោ ប្រវេសន៍យុវជន(Jugendmigrationsdienste - JMD)ធ្វើការងារតាមលក្ខណៈអនាមិក អព្យាក្រឹត និងដោយមិនគិតថ្លៃ។ កន្លែងពិគ្រោះផ្នែកអន្តោប្រវេសន៍សម្រាប់ជនអន្តោប្រវេសន៍ពេញវ័យផ្តល់ជំនួយដល់ជនអន្តោប្រវេសន៍ពេញវ័យ។ ស្ថាប័នការងារអន្តោប្រវេសន៍យុវជនផ្តល់ជំនួយដល់មនុស្សទាំងឡាយ ដែលមានអាយុ ចន្លោះ ១២ នឹង ២៧ ឆ្នាំ និងម្តាយឪពុករបស់គេ។ តាមធម្មតាអ្នកពិគ្រោះនៅទីនោះចេះនិយាយច្រើនភាសា។ តើអ្នកពិគ្រោះមិនចេះនិយាយភាសាអ្នកទេឬ? ចំណេះភាសាអាល្លឺម៉ង់របស់អ្នកក៏មិនទាន់បានល្អគ្រប់គ្រាន់ដែរឬ? នៅក្នុងករណីនេះអ្នកបកប្រែអាចជួយបាន ពីព្រោះគេចេះភាសាទាំងពីរ។
តើខ្ញុំអាចសួរអ្នកប្រឹក្សាអំពីអ្វីបាន?
កន្លែងពិគ្រោះផ្នែកអន្តោប្រវេសន៍សម្រាប់ជនអន្តោប្រវេសន៍ពេញវ័យ (MBE) និងស្ថាប័នការងារអន្តោប្រវេសន៍យុវជន(JMD)ជួយអ្នកនៅក្នុងបញ្ហាទាំងអស់ ដែលទាក់ទងទៅនឹងការរស់នៅប្រទេសអាល្លឺម៉ង់ ឧទាហរណ៍ដូចជារឿងថា តើទិដ្ឋាការខ្ញុំអនុញ្ញាតអោយខ្ញុំស្នាក់នៅប្រទេសអាល្លឺម៉ង់បានដល់ពេលណា? តើមាននរណាអាចជួយខ្ញុំបាន ពេលខ្ញុំមានបញ្ហានៅក្នុងគ្រួសារ? តើខ្ញុំអាចទៅរៀនភាសាអាល្លឺម៉ង់នៅឯណាបាន? តើខ្ញុំអាចរកផ្ទះនៅឯណាបាន? តើខ្ញុំអាចធ្វើការនៅប្រទេសអាល្លឺម៉ង់បានទេ? តើខ្ញុំអាចរកកន្លែងធ្វើការនៅឯណាបាន? តើខ្ញុំត្រូវធ្វើអ្វី បើខ្ញុំជួបនឹងបញ្ហាហិរញ្ញវត្ថុ? តើខ្ញុំត្រូវធ្វើអ្វីនៅពេលដែលខ្ញុំឈឺ? តើនរណាអាចជួយខ្ញុំបាននៅពេលដែលខ្ញុំមានកូន? តើខ្ញុំទៅធ្វើប័ណ្ណបើកបរនៅឯណាបាន? តើខ្ញុំត្រូវមានសំបុត្រជិះរថភ្លើងប្រភេទណា? តើខ្ញុំត្រូវធ្វើដូចម្តេច ដើម្បីអោយគេធ្វើការទទួលស្គាល់សញ្ញាបត្ររបស់ខ្ញុំ?
ខ្ញុំនៅប្រទេសអាល្លឺម៉ង់។ តើត្រូវធ្វើដូចម្តេចដើម្បីរកអោយឃើញកន្លែងពិគ្រោះមួយ?
អ្នកនៅប្រទេសអាល្លឺម៉ង់ហើយ ៗចង់ទាក់ទងរកកន្លែងពិគ្រោះមួយឬ? នៅត្រង់កន្លែងដាក់ថា អាស័យដ្ឋាន សំខាន់ៗអ្នកឃើញមានកន្លែងពិគ្រោះផ្នែកអន្តោប្រវេសន៍សម្រាប់ជនអន្តោប្រវេសន៍ពេញវ័យ(MBE) ឬ ស្ថាប័នការងារអន្តោប្រវេសន៍យុវជន (JMD) នៅជិតកន្លែងអ្នក។ ពត៌មានដូចជាអំពីអាស័យដ្ឋាន ឬក៏លេខទូរស័ព្ទមានដាក់នៅលើផែនទីមួយ។
អ្នកក៏អាចប្រើការណែនាំតាមអ៊ីនធឺណិត MBE ឬ JMD ផងដែរ។
ខ្ញុំនៅប្រទេសខ្ញុំនៅឡើយ។ តើមានការពិគ្រោះអ្វីសម្រាប់ខ្ញុំឬទេ?
តើអ្នកមិនទាន់នៅប្រទេសអាឡឺម៉ង់ទេ ហើយតើអ្នកកំពុងស្វែងរកដំបូន្មានមែនទេ? នៅទីតាំងចំនួន៦១ ក្រុមការងាររបស់យើងនៅវិទ្យាស្ថាន Goethe នឹងជួយអ្នកជាមួយនឹងគម្រោងត្រៀមសមាហរណកម្មជាមុន "ការរស់នៅ និងធ្វើការនៅប្រទេសអាល្លឺម៉ង់"។ ក្រុមការងារបស់យើងនឹងណែនាំអ្នក ឬផ្តល់ព័ត៌មានដល់អ្នកអំពីមជ្ឈមណ្ឌលប្រឹក្សាយោបល់ដែលសក្តិសមទៅនឹងតម្រូវការរបស់អ្នក។ នៅទីនេះអ្នកអាចមើលទីតាំងឃើញ ទាំងអស់៖ ទីតាំងផែនទី ត្រៀមសមាហរណកម្មជាមុន